Friday, May 25, 2012

បញ្ហានិស្សិតចប់បរិញ្ញាបត្រគ្មានការងារធ្វើ

ភ្នំពេញ: មាននិស្សិតខ្មែរជាច្រើនរូបណាស់ ដែលបានបញ្ចប់ការសិក្សាទៅហើយ តែនៅប្រឈមមុខ និងបញ្ហា ដោយគ្មានការងារធ្វើ។ តើមានកត្តាអ្វីខ្លះ ដែលនាំឲ្យ មានបញ្ហាទាំងនេះកើតមានឡើង? បញ្ហាជាច្រើន នៅពីក្រោយ បញ្ហានេះរួមមាន គ្មានចំណេះដឹងពិតប្រាកដ ទីផ្សារការងារមិនរីកធំ គំនិតបក្ខពួកនិយមនៅក្នុងសង្គម អំពើពុករលួយនិយម។

* គ្មានចំណេះដឹងពិតប្រាកដ
កាលណាយើងគ្មានចំណេះដឹងពិតប្រាកដក្នុងខ្លួនទេ មានតែសញ្ញបត្រនោះ ក៏គ្មានប្រយោជន៍អ្វី សំរាប់ខ្លួនយើងដែរ។ នៅពេលដែលយើង បានចេញទៅ ធ្វើការនៅតាមស្ថាប័នណាមួយនោះ យើងនឹងរអៀសខ្លួន ដោយដឹងថា ខ្លួនមានសមត្ថិភាព មិនដល់។ ទាំងនេះបណ្តាលមកពី កាលនៅរៀន ពុំបានយក ចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ស្វែងយល់ឲ្យបានជ្រៅជ្រះ នៅមុខវិជា្ជ ដែលខ្លួនកំពុងរៀន គិតតែដើរលេងសប្បាយ នៅពេលទំនេរ។ ទាំងនេះក៏ បណ្តាលមកពីសាកលវិទ្យាល័យមួយ ចំនួន មានការធ្វេសប្រហែស ដោយគិតតែប្រមូលលុយ ពីនិស្សិត បង់ចូលរៀន ហើយពុំបានគិតទៅលើការ អប់រំចំណេះដឹង ជាធំ។

* ទីផ្សារការងារមិនរីកធំ

ទីផ្សាការងារនៅកម្ពុជាមិនរីកធំគ្រប់គ្រាន់ដើម្បីស្រូបយកនិស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សា។វិស័យទេសចរណ៍ កាត់ដេរ និង កសិកម្មគឺជាផ្នែក ដែលស្រូបយកការងារ ធ្វើច្រើនជាង។ ប៉ុន្តែវិស័យផ្សេងទៀត មិនទាន់រីកធំ នៅឡើយ។ វាទាមទារអោយមានការពង្រីក ទីផ្សារការងារ លើវិស័យផ្សេងទៀត អោយបានច្រើន។

* គំនិតបក្ខពួកនិយម

គំនិតបក្ខពួកនិយម នេះឃើញថា ភាគច្រើនកើតមាននៅទីកន្លែងការងារ ឬក្រុមហ៊ុន។ ការសម្រេចជ្រើសរើសបុគ្គលិក នៅតាមកន្លែង មួយចំនួនផ្អែក លើខ្សែរយ: ច្រើនជាង សមត្ថិភាព។ និស្សិតបញ្ចប់ការងារ មានសមត្ថិភាព ជាច្រើនមិនត្រូវបានគេផ្តល់ឱកាស ការងារ ដោយសារតែពួកគេ មកពីតាម បណ្តាខេត្ត និងគ្មានខ្សែរយ: នៅក្នុងក្រុមហ៊ុននៅទីក្រុងភ្នំពេញ។ ពេលខ្លះពួកគេក៏ត្រូវបង្ខំចិត្ត ទៅរកការងារ ខុសជំនាញ ដើម្បីអាចរស់បាន។

* អំពើពុករលួយនិយម

ការសូកប៉ាន់ ដើម្បីទទួលបានការងារមួយធ្វើ នៅតែជាបញ្ហា នៅក្នុងសង្គមកម្ពុជា។ តាមកន្លែងការងារខ្លះគេទទួលសំណូកសូកប៉ាន់ ពីអ្នកដែលគ្មាន សមត្ថិភាព។ សមត្ថិភាព ត្រូវបានគេយកទុកនៅនៅកៀនជញ្ជាំង។ ការបំបាត់អំពើពុកររលួយនឹងអាចផ្តល់ឪកាសការងារដល់និស្សិតការងារមួយចំនួន។

ដោយបច្ចុប្បន្នភាពនេះ ឃើញអំពើពុករលួយ បក្ខពួកនិយមនេះ មានការកើនឡើងជាខ្លាំង ដែលបង្កឲ្យមានភាពរំជើបរំជួល ដល់អ្នកដែលមាន សមត្ថិភាព ធ្វើការងារហើយបែរជា ពុំមានអ្វីធ្វើទៅវិញ។ សូមរាជរដ្ឋាភិបាល មើលមកបញ្ហានេះផង និងជួយចាត់វិធានការ ទប់ស្កាត់យ៉ាងណា លែងមានអំពើ ទាំងនេះ តទៀត និងជួយរកការងារ ដល់និស្សិត ដែលជួបវិបត្តការងារនេះ។

ជាចុងក្រោយនេះ សូមជំរាបជូនដល់និស្សិតទាំងអស់ ខិតខំខ្នះខ្នែង រៀនសូត្រ ដើម្បីទទួលនូវចំណេះដឹង ពិតប្រាកដ ទើបសំរេច គោលបំណង នាពេល អនាគត៕

No comments:

Post a Comment